សន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៦
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ដោយមានវត្តមានចូលរួមរបស់លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) និងលោកជំទាវ Eleonore Caroit រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងការបរទេស ទទួលបន្ទុកកិច្ចការហ្រ្វង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅបរទេស។ សន្និសីទសារព័ត៌មាននេះគឺដើម្បីបង្ហាញពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៦ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី និងប្រកាសពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទ CMF លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤, ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។